វេទិកាស្ដីពីគយកម្ពុជាលើកទី២ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២

អង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជាមានកិត្តិយសដែលបានចូលរួមគាំទ្រអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំវេទិកាគយកម្ពុជា លើកទី២ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅសាលាជាតិគយ។ វេទិកានេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង មន្ត្រីជំនាញនៃ អគរ ព្រមទាំងមានការចូលរួមពីធុរជនពាក់ព័ន្ធជាច្រើននាក់រួមមានសមាជិក សមាជិកា សមាគមសហគ្រិនវ័យក្មេងកម្ពុជាផងដែរ។
វេទិកាគយកម្ពុជាលើកទី២នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីវឌ្ឍនភាពថ្មីៗនៃការងារគយនិងរដ្ឋាករ ជាពិសេសការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយ អភិបាលកិច្ចនិងការកែលម្អការផ្តល់សេវា និងការពង្រឹងអនុលោមភាពនិងការអនុវត្តច្បាប់ជាដើម។
បន្ថែមលើនេះ មន្ត្រីជំនាញមកពី អគរ បានធ្វើបទបង្ហាញលើប្រធានបទពាក់ព័ន្ធនឹងការងារគយមួយចំនួនរួមមាន ការអនុវត្តនីតិវិធីបំពេញបែបបទមុនពេលទំនិញមកដល់ ប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី៣ និងប្រព័ន្ធបញ្ជរតែមួយអាស៊ាន ការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាតនិងធុរជនល្អបំផុត ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាលើការងារពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់រដ្ឋបាលគយ ការងារបច្ចេកទេសគយ និងសវនកម្មគយ ជាដើម។
បន្ទាប់មក វេទិកាក៏បើកឱ្យមានកិច្ចពិភាក្សាពីបញ្ហាប្រឈម និងការលើកឡើងនូវសំណូមពរមួយចំនួន ព្រមទាំងសំណួរ-ចម្លើយពីបញ្ហានានាពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម ប្រតិបត្តិការគយនិងរដ្ឋាករ ការបំពេញបែបបទគយ ការផ្តល់សេវា ការពង្រឹងអនុលោមភាព និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិនានា ជាធរមានផងដែរ។
Molika
Veng